សារលិខិតរបស់ប្រធានក្រុមប្រឹក្សាភិបាល

        ប្រទេសកម្ពុជាស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ជាប្រទេសមួយសំបូរដោយធនធានធម្មជាតិ និងសម្បត្តិបេតិកភណ្ឌជាតិយ៉ាងច្រើន។អស់រយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ    ប្រទេសកម្ពុជាត្រូវប្រែក្លាយខ្លួនពី  ប្រទេសដែលមានវិបត្តិទៅជា  ប្រទេសដែលមានសន្តិភាព និងបង្កើតឱកាសវិនិយោគមានលក្ខណៈអនុគ្រោះដល់អ្នកវិនិយោគជាតិ និងអន្តរជាតិដោយអនុវត្តគោលនយោបាយទីផ្សារសេរី និងបើកចំហ។ ស្របជាមួយនឹងសេ្ថរភាពនយោបាយ និងសន្តិសុខសង្គម សេដ្ឋកិច្ចជាតិបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំហើយត្រូវបានព្យាករណ៍ប្រកបដោយសុទុដ្ឋិនិយមថានឹងបន្តកើនឡើងនៅឆ្នាំខាងមុខទៀត។

        ដោយមានបរិយាកាសអំណោយផលល្អ និងសក្តានុពលជាច្រើននៅក្នុងប្រទេស ក្រុមហ៊ុន លី ហួរ គ្រុប   បានវិនិយោគទុនក្នុងពហុវិស័យរួមមាន ការអភិវឌ្ឍលំនៅឋាន និងសំណង់ វិស័យហិរញ្ញវត្ថុ និងវិស័យកសិឧស្សាហកម្មបៃតងជាដើម។ ដំណើរការវិនិយោគនិងអាជីវកម្មតាំងពីឆ្នាំ១៩៨៦ មកដល់សព្វថ្ងៃ ក្រុមហ៊ុនទទួលបានភាពជោគជ័យជាបន្តបន្ទាប់   ដោយការអនុវត្តគោលការណ៍សុចរិតភាពស្មោះត្រង់ តម្លាភាព និងការចាត់ទុកអតិថិជនទាំងអស់ជាដៃគូអាជីវកម្មរយៈពេលវែងរបស់យើង។

        ទន្ទឹមនឹងភាពជោគជ័យក្នុងអាជីវកម្ម   គឺត្រូវការជាចាំបាច់នូវការការពារដល់ការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាលើគ្រប់វិស័យដើម្បីរក្សាស្ថានភាពអាជីវកម្មរបស់ខ្លួន និងដៃគូអាជីវកម្មប្រកបដោយនិរន្តភាព។ ដោយយល់ឃើញពីភាពប្រថុយប្រថាននឹងហានិភ័យទាំងឡាយ ក្រុមហ៊ុន លី ហួរ គ្រុប បានសម្រេចបង្កើតក្រុមហ៊ុនធានារ៉ាប់រងទូទៅឡើង  ក្នុងគោលបំណងផ្តល់ការការពារផ្នែកហិរញ្ញវត្ថុជូនអតិថិជនដៃគូអាជីវកម្ម និងអតិថិជនដែលតែងតែផ្តល់ទំនុកចិត្ត និងជឿជាក់មកលើក្រុមហ៊ុន  និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ។

        ក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក  ជាបុត្រសម្ព័ន្ធទី៨  ដែលត្រូវបានបង្កើតឡើងជាមួយនឹងដើមទុនចុះបញ្ជីសរុបចំនួន   ៩.៣១៧ លានដុល្លារអាមេរិក។ បច្ចុប្បន្នក្រុមហ៊ុន លី ហួរ អ៊ិន សួរេន ម.ក   បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាជូនអតិថិជនដោយមានរចនាសម្ព័ន្ធដឹកនាំរឹងមាំ   និងបុគ្គលិកភាគច្រើនមានចំណេះដឹង   និងបទពិសោធន៍ច្រើនក្នុងវិស័យធានារ៉ាប់រងទូទៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ី។ ក្រុមហ៊ុនយើងខ្ញុំមានស្ថានភាពហិរញ្ញវត្ថុរឹងមាំដែលគាំទ្រដោយក្រុមហ៊ុនមេ និងក្រុមហ៊ុនធានារ៉ាប់រងបន្តដែលមានកម្រិតហិរញ្ញវត្ថុ“A”។

        ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ស្មោះត្រង់ និងចាត់ទុកអតិថិជនជាដៃគូអាជីវកម្មរយៈពេលវែង      និងដោយសារការមានចំណេះដឹង និងបទពិសោធន៍លើវិស័យធានារ៉ាប់រងទូទៅ យើងសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក  នឹងដើរតួនាទីដ៏សំខាន់ក្នុងការបំពេញតម្រូវការអតិថិជន និងចូលរួមអភិវឌ្ឍន៍វិស័យធានារ៉ាប់រងទូទៅក្នុងប្រទេសកម្ពុជា។

ជាចុងក្រោយក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក សូមស្វាគមន៍ លោក លោកស្រី ក្នុងការផ្តល់សេវាការពារតាមតម្រូវការ និងជាដៃគូអាជីវកម្មរយៈពេលវែងជាមួយក្រុមហ៊ុនយើងខ្ញុំ។

អ្នកឧកញ៉ា លី ហួរ
 

ប្រធានក្រុមប្រឹក្សាភិបាល